ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, August 16, 2018

រកឃើញឃាតករ ដែលបានចាក់សំលាប់មន្រ្តីនគរបាលនៅសៀមរាបហើយ ការពិតជាប្រពន្ធខ្លួនឯងសោះ !!

ខេត្តសៀមរាប៖ ក្រោយពីមានករណីឃាតកម្មលើឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថាអាចជារឿងគំន៊ំនោះ ទើបលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឹងម៉ាត់ ទៅលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប ធ្វើការស្រាវជ្រាវភ្លាមៗផងដែរ ។

តាមប្រភពសមត្ថកិច្ចជំនាញទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា ក្រោយពីធ្វើស្រាវជ្រាវ អស់រយះពេល៧ម៉ោងទើបកំណត់បានមុខសញ្ញា និងចុះឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១:០០នាទីរសៀលថ្ងៃដដែល ជនសង្សយ័មានឈ្មោះ សុខ លីនី ភេទស្រី អាយុ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។

ក្រោយពីបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង១២:២៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យបាន យកទូរសព្ទ័តេទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកយកកូនទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទី ជនសង្ស័យបានតេទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យ និងកូនទៅមន្ទីពេទ្យ។

លុះដល់វេលាម៉ោង០១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា "បងដល់ណាហើយ?" ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។

ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នាហើយ ក៏នាំគ្នាជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ពេលទៅដល់ជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។

លុះចេញពីមន្ទីរពេទ្យវិញ ជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យ បានជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោមអោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ​ តែជនរងគ្រោះមិនព្រម ។

ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង០២ ម៉ោង០៣:០០នាទីព្រឹក ជនសង្ស័យ បាននិយាយថា "ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល" រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរ ពេលនោះជនរងគ្រោះបានយកកាំបិតចិតបន្លែ មករុញបំរុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលផងដែរ ពេលនោះកូនរបស់ពួកគេ បានស្រែកយំយ៉ាងខ្លាំង ដោយឃើញជនរងគ្រោះដួលដែរ ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុតម្រាមមេដៃខាងឆ្វេង។

ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ពោះជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានងើបឡើង ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងបន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ រួចជនសង្ស័យបានពរកូនរត់ចូលក្នុងផ្ទះវិញទៅ ។

លុះដល់វេលាម៉ោង៥:០០នាទីព្រឹក ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពីយប់នោះទៅបោកសម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចបានឡើយ។

យោងតាមចម្លើយសារភាពជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន នគរបាលក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment