ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមការងារ USFS (US Forest Service) ចូលជួបសំដែងការគួសម និងសំណេះសំណាលលើកិច្ចសហប្រតិបត្តិការ ពង្រឹងសមត្ថភាពដល់មន្រ្តីឧទ្យានុរក្ស នៅទីស្តីការ ក្រសួងបរិស្ថាន។
នៅក្នុងជំនួបនេះដែរ តំណាងក្រុមការងារ USFS បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង USFS នឹងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន លើការរៀបចំគម្រោងវគ្គបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស ក្រោមប្រធានបទ«បណ្តុះបណ្តាលបមានីយកម្មដល់មន្រ្តីឧទ្យានុរក្សក្នុងតំបន់ការពារធម្មជាតិ លើការងារបច្ចេកទេសល្បាត»។ សូមបញ្ជាក់ថាគម្រោងនេះមានរយៈពេល១៨ខែ ដោយមានការគាំទ្រថវិការពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរួមចំណែកបង្កើនចំណេះដឹង ជំនាញបន្ថែមដល់មន្រ្តីឧទ្យានុរក្ស ដើម្បីទទួលបានប្រសិទ្ធភាពការងារ នៅក្នុងការចូលរួមថែរក្សា ការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់បាននូវបទល្មើសផ្សេងៗ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចិរភាព។
រាយការណ៍ជូនដោយ៖ ម៉ារត្ន័
No comments:
Post a Comment