ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Monday, July 31, 2017

សាលាខណ្ឌទួលគោកព្យាយាមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន ក្រោមបទបញ្ជាលោកអភិបាលរាជធានីភ្នំពេញ


ភ្នំពេញ៖ រថយន្តបាញ់បេតុងមួយគ្រឿងរបស់ក្រុមហ៊ុន GCM ដែលចតនៅលើទ្រូងផ្លូវ ត្រូវបានគណៈបញ្ជាការខណ្ឌទួលគោក ឃាត់យកមកផាកពិន័យទៅតាមច្បាប់ ។

ការឃាត់រថយន្តបាញ់បេតុងនេះ ធ្វើឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយទទួលបានបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលបណ្តាលមកពីរថយន្តផ្សេងមិនចូលរួមគោរពច្បាប់ គោរពផ្លាកសញ្ញា និងការយកផ្លូវឬទ្រូងផ្លូវទាំងស្រុងធ្វើជាចំណត ។

លោក ប៉ាង លីដា អភិបាលរង តំណាងអោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាអោយឃាត់រថយន្តធុនធំ ប្រភេទបាញ់បេតុង ដែលមានស្លាកលេខ ភ្នំពេញ 5A-0585 បានចតលើទ្រូងផ្លូវទាំងស្រុង បម្រុងបាញ់បេតុងនៅការដ្ឋានសាងសង់មួយកន្លែង ដែលបង្កការរំខានដល់ការធ្វើចរាចរណ៍នៅលើផ្លូវ និងមិនគោរពពេលវេលាកំណត់របស់សាលារាជធានីភ្នំពេញ ។

លោក ប៉ាង លីដា បានបន្តប្រាប់អោយដឹងថា រថយន្តបាញ់បេតុងខាងលើត្រូវឃាត់ទុកនៅសាលាខណ្ឌទួលគោក និងអោយខាងម្ចាស់រថយន្តទៅដោះស្រាយនៅសាលារាជធានីភ្នំពេញតែម្តង ៕




No comments:

Post a Comment